រសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគិរី ដឹកនាំដោយលោកស្រី ម៉ោង ពុទ្ធាលក្ខិណា អនុប្រធានមន្ទីរ បានចូលរួមអមដំណេីរឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យពីខ្សែច្រវ៉ាក់ផលិតកម្មចន្ទី របស់បងប្អូនជនជាតិដេីមភាគតិច គ្រឹង នៅភូមិធួយទុំ ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី។
ឯកឧត្ដមបានជួបសំណេះសំណាលជាមួយប្រធាន និងសមាជិកសហគមន៍កសិកម្មចម្រុះធួយទុំរតនៈ ដោយសាកសួរពីបរិមាណផលស្វាយចន្ទីនិងបញ្ហាជួបប្រទះកន្លងមករបស់កសិករផលិតស្វាយចន្ទី។
បន្ទាប់មក ឯកឧត្ដមបានចុះពិនិត្យសកម្មភាពទិញស្វាយចន្ទីរបស់សហគមន៍កសិកម្មចម្រុះធួយទុំរតនៈ ដែលបានចុះកិច្ចព្រមព្រៀងទិញលក់ជាមួុយលោក ទីវ កុកលាង តំណាងក្រុមហ៊ុនអូរលែម ដោយក្រុមហ៊ុនតម្រូវឲ្យសហគមន៍ពិនិត្យជ្រើសរើសយកគ្រាប់ស្វាយចន្ទីដែលល្អ ដោយមិនទទួលទិញគ្រាប់ចន្ធីស្អុយ ខ្ចី ស្ងួតល្មានលាយដុំថ្ម សាច់ ជាដើម ពិសេសគ្រាប់ស្វាយចន្ទីណាដែលប្រើប្រាស់សារធាតុគិមីនោះទេ ដោយសហគមន៍ទទួលបានផលចំណេញ ២០៛/១គីឡូ។
សហគមន៍កសិកម្មធួយទុំរតនៈមានសមាជិកផលិតចន្ទីចំនួន៥៩នាក់ លេីផ្ទៃដី ១៤៣.៥ហ.ត អាចផ្គត់ផ្គង់បាន ១១៤ ៨០០គីឡូ ក្នុង០១ឆ្នាំ។ បច្ចុប្បន្នសហគមន៍ទិញចន្ទីពីសមាជិកក្នុង ០១គីឡូតម្លៃ ៤២៥០៛ អាចទិញបានក្នុង០១ថ្ងៃចំនួន ១៥០០គីឡូ ទៅ៣០០០គីឡូ។ សហគមន៍កសិកម្មធួយទុំរតនៈ ត្រូវបានជាប់ក្នុងគម្រោងពិពិធកម្មកសិកម្ម (CASDP) ដោយបានរៀបចំសំណេីពិពិធកម្ម និងផែនការអាជីវកម្មស្វាយចន្ទីក្នុងចំនួនទឹកប្រាក់ជាង ១១ ម៉ឺនដុល្លារ។
បន្ទាប់មកទៀត ឯកឧត្ដម និងក្រុមការងារក៏បានជួបជជែកជាឈ្មួញកណ្តាល នៅជិតបឹងកំសាន្ត ក្នុងក្រុងបាលុង ដោយទិញចន្ទីធម្មតាតម្លៃ ៤១០០/១គីឡូ ហើយក្នុង ០១ថ្ងៃ ឈ្មួញគាត់អាចប្រមូលទិញគ្រាប់ស្វាយចន្ទីរបាន ៨តោន ទៅ ១០តោន។