កិច្ចប្រជុំ ការណែនាំ និងជំរុញកាធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋទូទាំងខេត្តរតនគិរី
ចេញ​ផ្សាយ ១៧ មករា ២០២៣
40

"មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្ដរតនគិរី "

ថ្ងៃចន្ទ ១០ រោច ខែបុស្ស ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ លោកស្រី ម៉ោង ពុទ្ធាលក្ខិណា បានចូលរួមកិច្ចប្រជុំ ការណែនាំ និងជំរុញកាធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋទូទាំងខេត្តរតនគិរី ក្រោមអធិបតីភាព ឯ.ឧ សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងដែនដី នគររូបនីយកម្ម និងសំណង់, ឯ.ឧ នេត មុន្នីប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯ.ឧ វ៉ាន់ សោភា អភិបាលរងខេត្ត ដែលមានអ្នកចូលរួមសរុបប្រមាណ ១៦៦ នាក់ នៅសាលប្រជុំសាលាខេត្ត។

ជាលទ្ធផល និងទិសដៅបន្តនៃកិច្ចប្រជុំរួមមាន:

ឯកឧត្តម វ៉ាន់ សោភា បានលើកឡើងថា កន្លងមកការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្នុងខេត្តរតនគិរី នៅមិនទាន់បានរៀបចំបានគ្រប់ជ្រុងជ្រោយ នៅឡើយ ដោយសារតែមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មួយចំនួន នៅមិនទាន់បានអនុវត្តឲ្យបានពេញលេញក្នុងការធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឬតារាងកើនឡើងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំឲ្យបានទាន់ពេលវេលាដែលកំណត់ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល។ ដោយឡែកការចុះបញ្ជីអចលនទ្រព្យ និងការស្នើសុំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុក៏នៅមានការយឺតយ៉ាវ និងខ្វះចន្លោះជាច្រើន ដោយសារតែអចលនទ្រព្យមួយចំនួន ស្ថិតក្នុងជំលោះ ឬមានការជាប់ពាក់ព័ន្ធជាមួយប្រជាពលរដ្ឋបំពានកាន់កាប់ជាដើម។ 

បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ក្នុងឆ្នាំ២០២២ គឺមានមន្ទីរអង្គភាពនិងរដ្ឋបាលថ្នាក់ក្រោមជាតិតែ ៣៤ប៉ុណ្ណោះបានធ្វើតារាងកើនឡើងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២១ បានរួចរាល់។ រីឯការចុះបញ្ជីអចលន ទ្រព្យក្នុងខេត្តរតនគិរឺ មានសរុបចំនួន ៥៩២ ទីតាំង មានប័ណ្ណកម្មសិទ្ធិចំនួន១៤៨ ទីតាំង ស្មើនឹង ២៥% និង ដីដែលគ្មានប័ណ្ណកម្មសិទ្ធិ មានចំនួន ៤៤៤ ទីតាំង ស្មើនឹង ៧៥%។

ថ្លែងក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះឯកឧត្តម សរ សុវណ្ណ  រដ្ឋលេខាធិការតំណាង ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់បានណែនាំដល់អាជ្ញាធរ ក្រុង-ស្រុក ឃុំ-សង្កាត់ និងបណ្ដាមន្ទីរ អង្គភាពទាំងអស់ក្នុងខេត្តរតនគិរី ត្រូវកំណត់ទំហហំក្បាលដី និងចំនួនក្បាលដីរបស់ខ្លួនឱ្យបានច្បាស់លាស់ បន្ថែមពីនោះ ត្រូវកំណត់ព្រំដី ជាមួយដីជិតខាងឱ្យបានត្រឹមត្រូវ ដើម្បីសម្រួលដល់ក្រុម ការងារ ងាយស្រួលក្នុងការវាស់វែង ព្រមទាំងបញ្ជាក់ពីប្រវត្តិដីឱ្យបានជាក់លាក់ និងត្រូវបញ្ជាក់ តំណាងក្នុងការគ្រប់គ្រង សំដៅងាយស្រួល ក្នុងការចុះបញ្ជីដីធ្លីរដ្ឋឲ្យមានប្រសិទ្ធិភាពខ្ពស់ ។ ទន្ទឹមនោះឯកឧត្តមក៏បានជំរុញដល់ក្រុមការងារចុះបញ្ជីដីរដ្ឋ ត្រូវខិតខំបំពេញភារកិច្ចឱ្យ បានល្អត្រឹមត្រូវ និងឆាប់រហ័សស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល៕

 

ចំនួនអ្នកចូលទស្សនា
Flag Counter