ពិធីផ្តល់ពូជស្រូវ និងពូជដំណាំបន្លែជូនដល់កសិករនៅឃុំស្រែអង្រង ស្រុកកូនមុំ ខេត្តរតនគិរី
ចេញ​ផ្សាយ ១៦ កក្កដា ២០១៨
567

អភិបាលខេត្តរតនគិរី ផ្តល់ពូជស្រូវនិងពូជដំណាំបន្លែជូនដល់ប្រជាពលរដ្ឋចំនួន ១០០ គ្រួសារនៅក្នុងឃុំស្រែអង្គ្រងស្រុកកូនមុំ

អភិបាលខេត្តរតនគិរីឯកឧត្តម ថង សាវុន នារសៀលថ្ងៃទី៦ ខែកក្កដាឆ្នាំ ២០១៨ បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្ដល់ពូជដំណាំស្រូវនិងពូជដំណាំបន្លែជូនដល់ប្រជាពលរដ្ឋចំនួន ១០០ គ្រួសារមកពីភូមិចំនួន ៣ ក្នុងឃុំស្រែអង្គ្រងស្រុកកូនមុំ។​
លោក សយ សូណាប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តបានមានប្រសាសន៍ថាដើម្បីជំរុញការងារដាំដុះរបស់ប្រជាកសិករនៅក្នុងឃុំស្រែអង្គ្រងមន្ទីរបានជ្រើសរើសយកពូជស្រូវសែនពិដោរ ចំនួន ០២តោន និងពូជដំណាំបន្លែចំនួន ៤ មុខ រួមមានត្រកួនចំនួន១០០កញ្ចប់ត្រប់ចំនួន ១០០ កញ្ចប់សណ្ដែកគួរចំនួន ១០០ កញ្ចប់ និងត្រសក់ចំនួន ១០០កញ្ចប់ មកធ្វើការផ្ដល់ជូនប្រជាកសិករដោយក្នុងមួយគ្រួសារទទួលបានពូជស្រូវ សែនពិដោរចំនួន ២០គីឡូក្រាម ពូជដំណាំបន្លែចំនួន ៥ មុខស្មើនឹង ៥ កញ្ចប់។​ លោកប្រធានមន្ទីរបានបន្តថាមុននឹងផ្តល់ពូជស្រូវនិង​ពូជដំណាំបន្លែខាងលើមន្ត្រីជំនាញរបស់មន្ទីរក៏បានធ្វើការណែនាំពីរបៀបដាំដុះជូនដល់កសិករយើងដើម្បីអោយពួកគាត់មានចំណេះដឹងទាក់ទងទៅនឹងការដាំដុះឲ្យទទួលបានទិន្នផលល្អប្រសើរផងដែរ។​
ថ្លែងទៅកាន់ប្រជាកសិករចំនួន ១០០ គ្រួសារដែលមកទទួលពូជដំណាំនិងពូ​ជស្រូវនាពេលនេះឯកឧត្តម ថង សាវុនអភិបាលខេត្ត បានលើកឡើងពីការរីកចម្រើនរបស់ប្រទេសជាតិលើគ្រប់វិស័យ ដែលការរីកចម្រើនទាំងអស់នេះកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោហ៊ុនសែនជាប្រមុខ បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញបរិបូរ ហើយសុខសន្តិភាពនេះបានផ្ដល់ឱកាសសម្រាប់យើងទាំងអស់គ្នាធ្វើការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនដូចសព្វថ្ងៃនេះ ។ឯកឧត្តមអភិបាលខេត្តក៏បានធ្វើការកោតសរសើរផងដែរចំពោះប្រជាពលរដ្ឋក្នុងឃុំស្រែអង្គ្រងទាំងមូលដែលបានខិតខំបង្ករបង្កើនផលក៏ដូចជាការចិញ្ចឹមសត្វផ្គត់ផ្គង់ជីវភាពគ្រួសារមានជីវភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ឯកឧត្តមបានផ្ដាំផ្ញើដល់ប្រជាកសិករក្នុងឃុំស្រែអង្គ្រងនិយាយដោយឡែកនិងនិយាយរួមប្រជាកសិករក្នុងស្រុកកូនមុំទាំងមូលធ្វើយ៉ាងណាត្រូវរួសរាន់បង្ករបង្កើនផលឱ្យទាន់រដូវជាពិសេសត្រូវធ្វើការដាំដុះដំណាំរួមផ្សំ និងការចិញ្ចឹមសត្វឱ្យបានច្រើនទៅតាមលទ្ធភាពដែលមានដើម្បីជួយសម្រួលជីវភាពគ្រួសារ កាន់តែមានភាពធូធារមួយកម្រិតថែមទៀត។ ឯកឧត្តមក៏បានធ្វើការអំពាវនាវផងដែរដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី ៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ខែកក្កដាឆ្នាំ ២០១៨ខាងមុខនេះអោយបានគ្រប់ៗគ្នា។​

ចំនួនអ្នកចូលទស្សនា
Flag Counter